កំពង់ឆ្នាំង​ ​៖​ ​យុវជន​ជា​កម្មករ​លាង​រថយន្ត​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ខណៈ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​គេ​បាន​ទាញ​ទ្វារ​បន្ទប់​បិទ​កៀប​ចំ​ខ្សែ​ភ្លើង​។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​នៅ​ក្នុង​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយ​ជ្រុំ​ 
ស្រុក​រលាប្អៀរ​។​
សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​យុវជន​រងគ្រោះ​ឈ្មោះ​ ថាប់​ ពិសី​ អាយុ​១៨​ឆ្នាំ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ថ្លុក​ជ្រៅ​ ឃុំ​អញ្ចាញ​រូង​ ស្រុក​បរិបូណ៌​ ជា​កម្មករ​លាង​រថយន្ត​ឲ្យ​ឈ្មោះ​ សុខ​ សំបូរ​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ចំការ​ឃ្លៃ​។ ​មុន​ពេល​កើត​ហេតុ​មាន​ខ្យល់​និង​ភ្លៀង​យ៉ាង​ខ្លាំង​ ពេល​នោះ​ឈ្មោះ​ ថាប់​ ពិសី​ បាន​ដើរ​ទៅ​ទាញ​ទ្វារ​ដែក​បន្ទប់​បិទ​កុំ​ឲ្យ​ទឹក​ភ្លៀង​សាច​ចូល​ពេល​ទាញ​ទ្វារ​បិទ​បាន​កៀប​និង​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ភ្លើង​ឆក់​គេ​ស្លាប់​តែ​ម្តង​នៅ​ឈរ​ឆ្ងក់​ផ្អែក​ជាប់​នឹង​ទ្វារ​។​
​ក្រោយ​ពេល​កើត​ហេតុ​មិត្តភក្ដិ​ជា​កម្មករ​ដូច​គ្នា​៣​ទៅ​៤​នាក់​បាន​ទាញ​គេ​ចេញ​ហើយ​លើ​ដាក់​លើ​គ្រែ​ បន្ទាប់​មក​បាន​ដឹង​តាម​ម៉ូតូ​ឌុប​មក​កាន់​មណ្ឌល​សុខ​ភាព​ឃុំ​ស្វាយ​ជ្រំ​ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ម្ចាស់​ផ្ទះ​បាន​ជួល​រថយន្ត​ដឹក​បញ្ជូន​មក​សង្គ្រោះ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ប៉ុន្តែ​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​គ្រូពេទ្យ​បាន​ប្រាប់​ថា​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ទំនង​ជា​ស្លាប់​តាំង​ពី​ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ​មក​ម្ល៉េះ​។​
​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ម្ចាស់​ផ្ទះ​ជា​ថៅកែ​លាង​ម៉ូតូ​បាន​សម្របសម្រួល​ជា​មួយ​គ្រួសារ​ជន​រងគ្រោះ​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ១.៥០០.០០០​រៀល ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដោយ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់​។ ​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្រុក​ឲ្យ​ដឹង​ថា ​ក្រុម​គ្រួសារ​យុវជន​រងគ្រោះ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ណាស់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទទួល​ប្រាក់​ខាង​លើ​មក​ធ្វើ​បុណ្យ​ទាន​ឲ្យ​កូន​នោះ​ទេ ​ទោះ​បី​ប្តឹងផ្តល់​ក៏​គ្មាន​លុយ​សម្រាប់​រត់​ការ​ដែរ​៕​
ប្រភព កម្ពុជាថ្មី


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top