ភ្នំពេញ៖ មនុស្សម្នារាប់រយនាក់បាននាំគ្នាផ្អើលទៅឆោមរោមមើលបុរសម្នាក់មានវ័យជាង៣០ឆ្នាំ មានសភាពស្រវឹងជោកជាំ បានជិះម៉ូតូទៅលោតទឹកនៅលើស្ពានព្រះមុនីវង្ស ប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសំរេច ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា បុរសម្នាក់មានវ័យជាង៣០ឆ្នាំ ក្នុងស្ថានភាពសភាពស្រវឹងជោកជាំ មិនដឹងជាចេញមកពីផឹកស៊ីនៅទីណាទេ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ទឹកប៉ិច អត់ស្លាកលេខ បានជិះឆ្លងស្ពានបញ្ច្រាសទិសដៅចរាចរណ៍ទៀត ដោយជិះពីលិចទៅកើត ឆ្លងស្ពានព្រះមុនីវង្សថ្មី មកដល់ពាក់កណ្តាលស្ពានស្រាប់តែឈប់ម៉ូតូរត់ទៅលោតទឹកគ្រាំ ចូលក្នុងទឹកទន្លេទាំងសភាពស្រវឹងជោកជាំ ។
គួរកត់សំគាល់ផងដែរថា បុរសដែលជិះម៉ូតូទៅលោតទឹកប៉ុនប៉ងធ្វើអត្តឃាតនេះ ជាមនុស្សចេះហែលទឹក បន្ទាប់ពីលោតគ្រាំចូលទៅក្នុងទឹកបានបន្តិច ស្រាប់តែឃើញបុរសនោះអណ្តែតខ្លួនលើទឹក រួចខំប្រឹងស្រវេស្រវាហែលទៅកាន់ច្រាំងទន្លេវិញទាំងត្រដាបត្រដួសលែងចង់ស្លាប់ហើយ។ ស្របពេលនោះមានបុរសម្នាក់អះអាងថាជាមិត្តភក្តិ បានជិះម៉ូតូមួយគ្រឿងទៀតមកពីក្រោយ បានចុះទៅជួយស្រង់និងគ្រាហ៍ឡើងលើម៉ូតូជិះចេញទៅបាត់ ។
បន្ទាប់ពីស្រង់ចេញពីក្នុងទឹកភ្លាម សមត្ថកិច្ចធ្វើការសាកសួរបានតែពីរបីម៉ាត់ប៉ុណ្ណោះដោយប្រាប់ថា រូបគាត់តូចចិត្តនឹងវាសនាទើបជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន ដោយមិនទាន់បានបញ្ជាក់ប្រាប់មូលហេតុច្បាស់លាស់ផង បុរសរូបនោះប្រញាប់ប្រញាល់ឡើងជិះម៉ូតូជាមួយមិត្តភក្កិចេញទៅបាត់ ។ ទុកឲ្យប្រជាពលរដ្ឋរាប់រយនាក់ទៅចោមរោមមើលកកកុញស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មីនោះ ៕
ប្រភព អង្គរធំមេឌា
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !

