ក្រសួងមហាផ្ទៃ ​នឹង​ចាត់​វិធានការ​ការពារ​សន្តិសុខ​ជូន​លោក សម រង្ស៊ី នៅពេល​ដែល​លោក​វិលត្រឡប់​មកវិញ​ នៅ​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​នេះ។ ចំណាត់ការ​ការពារ​សន្តិសុខ​ជូន​មេដឹកនាំ​បក្សប្រឆាំង​បាន​ធ្វើឡើង​ពីព្រោះ​ មានការ​ព្រួយបារម្ភ​អំពី​ការ​បង្ក​ហេតុ​ណាមួយ​ដែល​អាច​កើតឡើង​ក្នុងពេល​ វិលត្រឡប់​របស់​លោក សម រង្ស៊ី ។ នេះ​បើ​យោងតាម​ការពន្យល់​រប​ស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។
គណបក្ស​សង្គ្រោះជាតិ​ស្នើឱ្យ​មាន​ការ​រឹតបន្តឹង​សន្តិសុខ ចំពោះ​វត្តមាន​នៃ​ការវិលត្រឡប់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ នៅ​ថ្ងៃ​សុក្រ​ ទី១៩ កក្កដា​ខានស្អែក​នេះ។ លោក យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​ស្នើឱ្យ​មាន​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដល់​លោក សម រង្ស៊ី ក៏​ដូចជា​សាធារណជន និង​សកម្មជន​គណបក្ស ដែល​គ្រោង​ចូលរួម​អបអរ​ការ​វិលត្រឡប់​របស់លោក​សម រង្ស៊ី។
ក្នុង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នោះដែរ លោក​យឹម​សុវណ្ណ​បញ្ជាក់​ថា លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ប៉ុល ហម រួមទាំង​លោក​អេង​ឆៃអ៊ាង នឹង​អមដំណើរ​លោក សម រង្ស៊ី​ពី​ទីក្រុង​បាងកក មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​មាន​មនុស្ស​ចំនួន​២ម៉ឺន​នាក់ នឹង​ឈរ​ចាំ​ទទួល​លោក​លោក សម រង្ស៊ី។ រីឯ​មនុស្ស​ចំនួន​២ម៉ឺន​នាក់​ផ្សេងទៀត នឹងរង់ចាំ​អបអរសាទរ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្បែរ​វត្តភ្នំ។ នេះ​បើតាម​ការ​អះអាង​របស់​លោក យឹម សុវណ្ណ។
ទាក់ទិន​នឹង​ចំពោះ​សន្តិសុខ​របស់លោក សម រង្ស៊ី​នេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹងថា ក្រសួង​មហាផ្ទៃ​បាន​ប្រជុំ​សម្រេច​ដាក់ពង្រាយ​កម្លាំង​ការពារ​សុវត្ថិភាព​ ចំពោះ​ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី រួច​រាល់​អស់​ហើយ។
គួរ​រំលឹក​ថា​ផងដែរ​ថា លោក សម រង្ស៊ី គ្រោង​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​សុក្រ​ទី១៩ កក្កដា បន្ទាប់ពី​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហមុនី បាន​ប្រោស​ប្រទាន​លើកលែង​ទោស ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា វៀតណាម និង​ក្លែងបន្លំ​ឯកសារ​ជា​សារ​ធារ​ណៈ កាលពី​ថ្ងៃទី១២ កក្កដា​កន្លងទៅ។
ចំពោះ​សន្តិសុខ​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី​ ត្រូវបាន​លោក ខៀវ សុភ័គ អះអាង​ថា សន្តិសុខ​សុវត្ថិភាព​របស់​លោក សម រង្ស៊ី គឺ​ជា​ជោគជ័យ​របស់​រដ្ឋាភិបាលកម្ពុជា៕
ប្រភពពី RFI


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top