ខេត្តកំពង់ឆ្នាំង: ក្រុមចម្រុះមួយក្រុម ដែលដឹកនាំដោយមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ បានត្រួតពិនិត្យឆ្មក់ ការដឹកជញ្ជូនលើសទម្ងន់ នៅតាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់រថយន្តដឹកថ្មចំនួន៨គ្រឿងធ្វើការផាកពិន័យ និង ចាត់ការទៅតាមនីតិវិធីច្បាប់។
រថយន្តទាំងនេះ ត្រូវបានគេដឹងថា ជារបស់ក្រុមហ៊ុនWTG ដែលបានដឹកជញ្ជូនថ្ម ពីភ្នំកូនស្លាក់ ក្នុងភូមិគល់គប់ ឃុំស្រែថ្មី ទៅផ្ទេរដាក់សាឡង់នៅព្រែកសាលា ក្នុងឃុំទឹកហូតស្រុករលាប្អៀរ ដើម្បីបន្តដឹកចេញទៅកាន់រាជធានីភ្នំពេញ។
លោក មិន រ៉ាវី អនុប្រធានលេខាធិការដ្ឋានគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៌ នៃគណកម្មាធិកាដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអោយដឹងថា រថយន្តដែលត្រូវឃាត់ ទាំងអស់មានចំនួន៨គ្រឿង ជាប្រភេទរថយន្តយីឌុប ភ្លៅ៥មានចំនួន៧គ្រឿង និង ភ្លៅ៣មានចំនួន១គ្រឿង ដែលរថយន្តទាំងនេះ ដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី២៣តោន ទៅដល់២៩តោនក្នុងមួយគ្រឿង។
លោក មិន រ៉ាវី បានបញ្ជាក់ថា ចំពោះរថយន្តណាដែលដឹកលើសទម្ងន់កម្រិតកំណត់ក្រោម៥ភាគរយ ត្រូវធ្វើការប្រមាន ជាលាយលក្ខណ៍ អក្សរ ដោយមិនពិន័យទេ បើលើសពី៥ភាគរយ ទៅ១០ភាគរយ ត្រូវពិន័យជាប្រាក់ចនួន១០ម៉ឺនរៀលនៅក្នុង១តោន។ ប៉ុន្តែលោកមិនបាន ប្រាប់អោយដឹង ពីចំនួនលើសសរុបមានប៉ុន្មានតោន និងត្រូវពិន័យប្រាក់ប៉ុន្មានឡើយ។
លោកស្រេង លាងហេង តំណាងក្រុមហ៊ុនWTG បានអោយដឹងថា រថយន្តទាំង៨គ្រឿងនេះខាងក្រសួងសាធារណការនិងដឹកជញ្ជូន បានកំណត់ពិន័យសរុបទាំងអស់ ចំនួន១២៦ ១៦២ ០០០រៀល។ ចំនួនដែលត្រូវពិន័យនេះមិនត្រឹមត្រូវតាមច្បាប់ទេ គឺលើសក្នុង១តោន រហូតដល់ជាង១៨០ ០០០រៀល ។ ករណីនេះលោកបាន សុំណូមពរដល់អង្គភាពប្រឆាំងអំពើរពុករលួយមេត្តាជួយពិនិត្យមើល ចំពោះការផាកពិន័យមិនត្រឹមត្រូវផ្ទុយទៅនិងច្បាប់ដែលបានកំណត់នេះផង។
លោក ស្រេង លាងហេង បានបញ្ជាក់ទៀតថា កន្លងទៅខាងក្រសួងជំនាញមិនបានកំណត់អោយបានច្បាស់ និងផ្សព្វផ្សាយ អោយបានដឹងជាមុនទេ ថាតើត្រូវដឹកទម្ងន់ប៉ុន្មាន ស្រាប់តែចុះមកឃាត់ចាប់គ្រឹបៗតែម្តង។ ហើយលោកក៏បានសំណូមពរផងដែរ ដល់ក្រសួងសាធារណការនិងដឹកជញ្ជូន បើធ្វើសូមធ្វើអោយបានព្រមៗគ្នា កុំធ្វើតែក្រុមហ៊ុនគាត់មួយ ក្រុមហ៊ុនផ្សេងទៀតអត់ធ្វើមិនយុត្តិធម៌ទេ៕
ប្រភពដើមពីៈ CEN
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !


