ក្រុងសេអ៊ូល : ពិតជា​ពិបាក​នឹង​ជឿ​ណាស់​ថា ស្រ្តី​កូរ៉េ​ខាង​ត្បូង​ដ៏​សិចស៊ី និង​សាច់​សខ្ចី​ល្វក់​ម្នាក់​នេះ​ជា​អ្នកម្ដាយ​កូន​ពីរ​ដែល​មាន​វ័យ​ដល់​ទៅ​៤៦​ឆ្នាំ​ហើយ​នោះ​! នេះ​ជា​រឿងរ៉ាវ​ពិត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​បំផុត ខណៈ​ស្រ្តី​ឈ្មោះ​ជុង ដាយឿន មាន​វ័យ​ជិត​៥០​ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​គាត់​បែរ​ជា​មាន​មុខមាត់​សាច់ឈាម​ក្មេងខ្ចី​ស្អាត​ដូច​យុវតី​វ័យ​១៦​ឆ្នាំ​បី​ដូច​បុប្ផា​ក្រពុំ​ទាក់ទាញ​ហ្វូង​កន្លង់​ឈាម​រាវ​ទាំងឡាយ​ឲ្យ​ក្រេប​លម្អង​ផ្កា​។
អ្នកស្រី ជុង ដាយឿន​គឺជា​អ្នកម្តាយ​មួយ​រូប​ដែល​និយម​ការ​ហាត់ប្រាណ​រក្សា​រាង​ណាស់​ដូច្នេះ​បាន​ជា​គាត់​មាន​ដង​ខ្លួន​សិចស៊ី។​ការ​ហាត់ប្រាណ​ជា​ប្រចាំ​នេះ​ហើយ​ដែល​គាត់​ជឿ​ថា ជា​គន្លឹះ​ធ្វើ​ឲ្យ​គាត់​នៅ​រក្សា​រាងរៅ​ដង​ខ្លួន​សាច់ឈាម និង​សម្រស់​ក្មេង​ជាង​វ័យ​ដល់​ទៅ​៣០​ឆ្នាំ​ឯណោះ។
ដើម​ឡើយ អ្នកស្រី​ជុង ដាយឿន​មិនមាន​រូបរាង​ដូច​បាន​ឃើញ​នេះ​ឡើយ។ កាល​ពី​ឆ្នាំ​២០០៣​បន្ទាប់​គាត់​សម្រាល​បាន​កូន​២​នាក់​មក គាត់​បាន​ឡើង​ទម្ងន់​ស្រឺត​ៗ​ដល់​ទៅ​៧០​គីឡូក្រាម​ដែល​ធ្វើ​ឲ្យ​គាត់​មាន​រូបរាង​ចាស់​ដូច​ស្រ្តី​ជា​ម្តាយ​ដទៃ​ដែរ។
យោង​តាម​របាយការណ៍​នានា​របស់​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នា​ថ្ងៃ​មួយ​អ្នកស្រី ជុង ដាយឿន​ដែល​មាន​រូបរាង​ធាត់​ទ្រលុកទ្រលន់​នោះ ស្រាប់​តែ​ភ្ញាក់​ខ្លួន ព្រើត ហើយ​ចាប់​ផ្ដើម​ឆ្លុះ​កញ្ចក់​ដោយ​អារម្មណ៍ តក់ស្លុត​នឹង​រាងរៅ​ដ៏​អាក្រក់​របស់​ខ្លួន​ហើយ​គាត់​ក៏​ស្រាប់​តែ​ប្ដេជ្ញា​យ៉ាង​មុតមាំ​នឹង​ខ្លួន​ឯង​ថា នាង​នឹង​តម​អាហារ ហើយ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់​ឲ្យ​មាន​រាង​សិចស៊ី​ទាល់​តែ​បាន​។
យ៉ាងណា​មិញ​អ្នកស្រី​ជុង ដាយឿន​បាន​ប្រាប់​សារព័ត៌មាន​Wall Street Journal​ថា​កាល​នោះ​គាត់​ប្ដេជ្ញា​ក្នុង​ការ​សម្រក​ទម្ងន់​ដើម្បី​កាត់​បន្ថយ​រោគ​ឈឺ​ឆ្អឹង​ខ្នង​ទៅ​វិញ។
ជាមួយ​នឹង​ការ​តម​អាហារ​ហើយ​ហាត់ប្រាណ​ឥត​ស្រាកស្រាន្ត​រយៈពេល​៣​ខែ អ្នកម្ដាយ​កូន​ពីរ​រូប​នេះ​អាច​សម្រក​ទម្ងន់​បាន​ដល់​ទៅ​២០​គីឡូក្រាម។
បន្ទាប់​មក​អ្នកស្រី​ក៏​ចាប់​ផ្ដើម​បង្ហោះ​រូបថត​ដែល​មាន​ដង​ខ្លួន​សិចស៊ី​ដូច​យុវតី ដែល​រូប​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ល្បី​សុសសាយ​ពេញ​ប្រទេស​កូរ៉េ​ខាង​ត្បូង​តែ​ម្តង។ ស្រ្តី​មេផ្ទះ​ទាំងឡាយ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​យក​អ្នកស្រី​ធ្វើ​ជា​គំរូ ដោយ​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​នូវ​រូបមន្ត​សម្រក​រាង​ដែល​លោកស្រី​ជុង ដាយឿន​បាន​ធ្វើ​ដើម្បី​ឲ្យ​ពួកគេ​មាន​ដង​ខ្លួន​ស្អាត​ក្មេង​ជាង​វ័យ។
រូបថត​របស់​អ្នកស្រី​ជុង ដាយឿន​ក៏​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍​សៀវភៅ​និង​វីដេអូ​ព្រោងព្រាង​តែ​ម្ដង។ ស្រ្តី​វ័យ​៤៦​ឆ្នាំ​នៅ​ចាំសាច់​ដូច​ក្មេងស្រី​១៦​ឆ្នាំ​រូប​នេះ​ក៏​មាន​ឈ្មោះ​ល្បី​សាយភាយ​តាម​ខ្យល់​ទៅ​ដល់​ប្រទេស​ជប៉ុន​ទៀត​ផង​តាមរយៈ​វីដេអូ​នៃ​កម្មវិធី​ហ្គេម​ហាត់ប្រាណ​មាន​ឈ្មោះ​ថា​Nintendo Wii​និង​កម្មវិធី​អប់រំកាយ​នៃ​ការ​បង្ហាត់​បង្រៀន​របស់​អ្នក​ជំនាញ​ផ្នែក​កាយសម្បទា​នោះ។
ក្រៅ​ពី​ការ​ផ្លាស់ប្ដូរ​រាងរៅ​ពីធាត់​មកជា​ស្លីម​និង​សិចស៊ី​បំផុត​នោះ អ្នកស្រី ជុង ដាយឿន​ក៏​ប្រែក្លាយ​ជីវភាព​មក​រស់នៅ​យ៉ាង​ហ៊ឺហារ​ផង​ដែរ ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​របស់​គាត់​បាន​ហៅ​ទ្រព្យសម្បត្តិ​ឲ្យ​ចូល​ផ្ទះ​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សេដ្ឋីនី​មួយ​រូប។
អ្នកស្រី​បាន​និយាយ​ថា ជោគជ័យ​ក្នុង​ការ​សម្រក​ទម្ងន់​នេះ​មិនមែន​ដោយសារ​តែ​អ្នកស្រី​មាន​ហ្សែន​សាច់​ចាំ​នោះ​ទេ ប៉ុន្តែ​មកពី​គាត់​ព្យាយាម​ហាត់ប្រាណ​តាម​បែប​អាស៊ី។
គ្រូបង្រៀន​ក្បាច់​ហាត់ប្រាណ​សម្រក​ទម្ងន់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាស៊ី​ខុស​ពី​នារី​អឺរ៉ុប ព្រោះ​ពួកគេ​គ្រាន់​តែ​ចង់​ហាត់ប្រាណ​សម្រក​ទម្ងន់ ប៉ុន្តែ​មិន​ចង់​ឲ្យ​ឡើង​សាច់ដុំ​នោះ​ទេ​។
សព្វ​ថ្ងៃ​អ្នកស្រី ជុង ដាយឿន កំពុង​តែ​បន្ត​បើក​សាខា​សាលាបង្រៀន​ហាត់ប្រាណ​សម្រក​ទម្ងន់​ជុំវិញ​ទ្វីប​អាស៊ី ដែល​អាជីវកម្ម​នេះ​កំពុង​តែ​កាក់កប​បំផុត​៕ PR
ប្រភព៖ postkhmer


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top