ភ្នំពេញ ៖ បុរសម្នាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាបពីជិះម៉ូតូទាក់ដៃចង្កូត គ្នាដួលទៅលើថ្នល់ ហើយត្រូវរថយន្តដឹកបន្លែ មកពីក្រោយកិន កាលពីវេលាម៉ោង៨ និង៤៤នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតគ្រោះថ្នាក់រហូតមានមនុស្សស្លាប់នេះ គេបាន ឃើញជនរងគ្រោះ ជិះម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង ពោលពីក្រុងតាខ្មៅ ចូលភ្នំណេញ ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះ ទាក់នឹងដៃចង្កូតម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូជនរងគ្រោះ ដួល ស្របពេលនោះ មានរថយន្តដឹកបន្លែមួយគ្រឿង បើកមកពីក្រោយកិនជន គ្រោះចំពាក់កណ្តាលខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
អ្នកឃើញហេតុការណ៍បន្តថា ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទេ គឺព្យាយាមបន្តដំណើរ រហូតមក ដល់ជិតគល់ស្ពានអាកាស ទើបសមត្ថកិច្ចនគរមូលដ្ឋាន ឃាត់រថយន្តនោះបាន។ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7681 ដឹកខ្ទឹមមកពីស្រុកស្អាង ។ ចំណែកម៉ូតូរបស់ ជនរងគ្រោះ ម៉ាកឈ្លីកស៊េរី ២០១៣ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BG-6163 ជិះដោយបុរសម្នាក់ បណ្តាលឱ្យម៉ូតូដួល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ីសាខ្មៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកស្នាយ ឃុំព្រែកស្នាយ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ សំ ហ៊ឺ ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅភូមិ កោះខែល ឃុំកោះខែល ស្រុកស្អាង់ខេត្តកណ្តាល ។
ជាមួយគ្នានេះដែរ អ្នកបើកបររថយន្តបង្ក បានបដិសេធនៅចំពោះមុខសមត្ថកិច្ចថា <<ខ្លួនមិនបាន កិនមនុស្ស ស្លាប់ទេ ហើយបើសិនជាមានរឿងបែបនេះមែន គាត់នឹងរត់គេចខ្លួនបាត់ទៅ ហើយ មិនចាំបាច់ ឲ្យគេចាប់គាត់បានទេ>> ។
តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា បន្ទាប់ពីកិនមនុស្សស្លាប់ហើយ រថយន្តបង្កបានព្យាយាមបើករត់ គេចរហូតមកដល់ភូមិតានូ សង្កាត់ចាក់អង្រែលើ ទើបសមត្ថកិច្ចចាប់ឃាត់បាន ។ ក្រោយកើតហេតុ សពបុរស ខាងលើត្រូវសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នក បើករថយន្ត និងរថយន្តបង្ក ព្រមទាំងម៉ូតូ របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕


ប្រភពៈ ដើមអំពិល


សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រ​តី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
 
Top