កណ្តាល ៖ បុរសម្នាក់បានលបលួចចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនដោយសារតែតូចចិត្ត នឹងខ្លួនជាមនុស្សពិការ រីឯយុវសិស្សម្នាក់បានចងកធ្វើអត្តឃាត់ខ្លួនដែរដោយសារតែផឹកស្រាស្រវឹងជោគជាំបាត់ស្មារតី ដោយករណីទី១កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាល ខេត្តកណ្តាល និង ករណីទី២កើតឡើងកាលពីវេលាម៉ោង៧ និង ២៥ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅក្នុងភូមិ ក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ហ៊ិន ចំរ៉ុង ហៅម៉ុង ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរលក់ចាប់ហួយ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ (ជាជនពិការជើងទាំងពីរ)។បើយោងតាមការបំភ្លឹរបស់ក្រុមគ្រួសារនៃប្រាប់នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជាប្រពន្ធរួមទាំងកូនស្រីម្នាក់បាននាំចូលដេកនៅក្នុងបន្ទប់ផ្ទះល្វែងរបស់ខ្លួន ហើយប្តីរបស់គាត់ក៏បានចូលដេកផងដែរ លុះរហូតដល់ម៉ោង២២និង៣០នាទីគាត់បានងើបឡើងក៏ស្រាប់តែប្រទះឃើញប្តីរបស់គាត់ ចងកស្លាប់បាត់ទៅហើយដោយចងកភ្ជាប់ទៅនឹងខ្សែរត់ដែលតចេញពីដំបូលផ្ទះធ្វើទុកសម្រាប់ដាក់ជើងហាត់ប្រាណជារៀងរាល់ថ្ងៃ។ ក្រោយពេលកើតហេតុនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យរួចហើយប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯជនរងគ្រោះទី២មានឈ្មោះ ជួប ឈុនលី ហៅពីងភេទប្រុសអាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស រស់នៅក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ចងកធ្វើអត្តឃាត់ស្លាប់។
ម្តាយជនរងគ្រោះជាសិស្សបានប្រាប់នគរបាលថា កាលពីល្ងាចរូបគាត់ជាម្តាយបាននាំកូនប្រុសក្នុងស្ថានភាពស្រវឹងស្រាជោគទៅចូលដេកក្នុងផ្ទះរបស់ ឡាយ ឡៃ លុះដល់ម៉ោង៧និង២៥នាទីព្រឹកទើបប្រទះឃើញកូនប្រុសរបស់គាត់ចងកស្លាប់ដោយយកក្រមាចងភ្ជាប់ទៅនឹងម៉ែកព្រីងនៅខាងជើងភូមិក្នុង វាលស្រែ។
ម្តាយជនរងគ្រោះបានបញ្ជាក់ថា កន្លងមកជនរងគ្រោះពេលដែលផឹកស្រាស្រវឹងគេធ្លាប់រត់ ទៅចងកធ្វើអត្តឃាត់សម្លាប់ខ្លួនពីរលើករួចមកហើយ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេល តែម្តងនេះគេបានលបលួចទៅចងកនៅឯវាលស្រែឆ្ងាយពីផ្ទះទើបគ្មានអ្នកឃើញ ក៏សម្រេចបានដូចក្តីបំណងរបស់គេ ។
ក្រោយពេលកើតហេតុនគរបាលជំនាញស្រុកកណ្តាលស្ទឹងបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យ រួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព កម្ពុជាថ្មី
សំគាល់ៈ Read Khmer មិនមែនជាម្ចាស់ដើម នៃពត៌មាននេះទេ ។ ដូច្នេះយើងមិនទទួលខុសត្រូវលើពត៌មាននេះទេ ។ បើសិនជាមានបញ្ហាមិនប្រក្រតី ចុចត្រង់នេះ ដើម្បីទំនាក់ទំនងយើងខ្ញុំ ។
សូមជួយផ្តល់មតិ និង ចែករំលែក !
